លោក​ប្រធានាធិបតី​ស៊ីរី​​​អាល់អាសាដ ​​បាន​​មាន​ប្រសាសន៍​ថា ក្រៅ​ពី​អាវុធគីមី​ស៊ីរី​នៅ​​មាន​អាវុធ​ទំនើបៗ​ហួស​ពី​ការ​រំពឹង​ទុក​​ អាច​វាយ​កម្ទេច​អ៊ីស្រាអែល​បាន​យ៉ាង​ងាយ​ក្នុង​មួយ​ពព្រិច​ភ្នែក​តែប៉ុណ្ណោះ​។

សូមអាន៖ ជនភៀសខ្លួន​ស៊ីរី​ធ្វើឲ្យ​លីបង់​​ខាត​​អស់​​​​៧,៥​ពាន់​លាន​ដុល្លា

ដោយ​អួតអាង​ពី​អនុភាព​កម្លាំង​សព្វាវុធ​របស់​ខ្លួន​​ លោក​ប្រធានាធិបតី​ផ្ដាច់ការ​រូប​នេះ​បាន លើកឡើង​ពី​ភាព​ជោគជ័យ​របស់​ស៊ីរី​ក្នុង​ការ​ផលិត​បាន​អាវុធគីមី​​កាល​ពី​ទសវត្ស​ទី​៨០ ទន្ទឹម​នឹង​ការ​ប្រកាស​​ក្ដែងៗ​របស់​លោក​នៅ​ពេល​នេះ​ ​ថា ទីក្រុង​ដាម៉ាស​​នៅ​មាន​អាវុធ​ទំនើបៗ​ផ្សេងទៀត​​ហួស​ពី​ការ​រំពឹង​ទុក។ ​

លោក​អាល់អាសាដ​បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​  ស៊ីរី​មាន​សព្វាវុធ​​នៅ​ក្នុង​ដៃ​​យ៉ាង​ទំនើប ដែល​អាច​វាយប្រហារ​កម្ទេច​​អ៊ីស្រាអែល​ក្នុង​មួយ​ពព្រិច​ភ្នែក ។ លោក​បាន​បន្ថែម​ថា លោក​ខាងលិច​មិន​បាន​ដកហូត​អាវុធ​គីមី​ពី​អ៊ីស្រាអែល​ក្នុង​លេស​មួយ​ដើម្បី​​ការពារ​ប្រជាជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​នេះ។​ ក៏ប៉ុន្តែ​នេះ​​គ្រាន់តែ​ជា​​ពុតត្បុត​របស់​ពួកគេ​ធ្វើ​ឲ្យ​​អ៊ីស្រាអែល​​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ដ៏​វែងឆ្ងាយ​នៅ​ពេល​អនាគត​តែ​ប៉ុណ្ណោះ។​​​​

សូមអាន៖ កងកម្លាំង​ពិសេស​ស៊ីរី​​ត្រៀម​​វាយបក​អាមេរិក​​​​​​លើ​ទឹក​ដី​អាមេរិក

​លោក​អាល់អាសាដ​ក៏​បាន​ចំអក​ឲ្យ​លោក​​ប្រធានាធិបតី​អាមេរិក​​​ផង​ដែរ​​ គោល​នយោបាយ​​បំភិតបំភ័យ​របស់​លោក​អូបាម៉ា​​​​នៅ​ពេល​កន្លងមក​ គឺ​មាន​ភាព​ស្ទាក់ស្ទើរ​ និង​ខ្សោយ​បំផុត ដែល​នេះ​គឺ​ជា​ទង្វើ​គួរឲ្យ​​ខ្មាសអៀន​មួយ​​បង្ហាញ​​ពី​ភាព​បរាជ័យ​របស់​​អាមេរិក និង​សម្ព័ន្ធមិត្ត​​​លើ​​ឆាក​អន្តរជាតិ​។ លោក​ចង់​សង្កត់ធ្ងន់​ថា មហាអំណាច​​លោក​ខាងលិច​ពិត​​ជា​គ្មាន​សមត្ថភាព​វាយ​ប្រហារ​ស៊ីរី​បាន​ឡើយ ហើយ​​ថា ​កងទ័ព​រុស្ស៊ី​​រាប់​ម៉ឺន​នាក់​នឹង​មាន​វត្តមាន​នៅ​ស៊ីរី​ប្រសិន​បើ​លោក​ខាងលិច​ហ៊ាន​​អន្តរាគមន៍​យោធា​​មក​លើ​ខ្លួន​​មែន​នោះ។

ការ​អះអាង​របស់​លោក​អល់អាសាដ​នៅ​ពេល​នេះ ​ធ្វើឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមព្រៀង​គ្នា​​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​​លើ​​​សេចក្ដី​សម្រេច​ដើម្បី​​ដកហូត​អាវុធគីមី​​ពី​ស៊ីរី។ ដំណោះស្រាយ​​ខាងលើ​នេះ ​បាន​ធ្វើ​ឲ្យ​លោក​អាល់អាសាដ​ចាត់​ទុក​ថា ​នឹង​ធ្វើ​ឲ្យ​​លោក​ខាងលិច​ឈឺក្បាល ព្រោះ​ត្រូវ​ចំណាយ​ពេល​​យូរ  ព្រមទាំង​​ត្រូវ​ប្រើប្រាស់​ថវិកា​ច្រើន​ទៀត​ផង ​ដើម្បី​កម្ទេច​អាវុធគីមី​​របស់​ខ្លួន៕

មីស៊ីល​របស់​ស៊ីរី​ដែល​បានប្រើប្រាស់​កន្លងមក