កូនខ្មែរសញ្ជាតិអាមេរិកម្នាក់បានសាងកេរ្តិ៍ឈ្មោះដ៏ត្រដែតលើទឹកដីមហាអំណាចសេដ្ឋកិច្ចទី ១ ពិភពលោកដោយធ្វើជាតំណាងបេក្ខភាពសហរដ្ឋអាមេរិកទៅចូលរួមប្រកួត Miss Global International ក្នុងប្រទេសចាម៉ៃកា។ ផានិត សុវណ្ណ គឺជាអតីតបវរកញ្ញាកម្ពុជា (នៅអាមេរិក) ឆ្នាំ ២០១៣ ដែលទើបនឹងបញ្ចប់អាណត្តិ តែត្រូវបានផ្ដល់ឱកាសជាថ្មីឲ្យធ្វើជាតំណាងបវរកញ្ញាអាមេរិកទៅចូលរួមប្រកួត Miss Global International ដែលប្រារព្ធឡើងនៅ Montego Bay ប្រទេសចាម៉ៃកា ក្នុងចំណោមបេក្ខជនចូលរួមប្រកួតមកពីជាង ៤០ ប្រទេសជុំវិញពិភពលោក។
ផានិត សុវណ្ណ (ឆ្វេង) ចូលរួមកម្មវិធី the Queen of the Universe Red Carpet
នៅ Supper Club in Hollywood រដ្ឋកាលីហ្វ័រញ៉ាកាលពីពេលកន្លងមក
យោងតាមគេហទំព័រ Khmerican តារាវ័យ ២៤ ឆ្នាំបានរៀបរាប់ថា ៖ “មិនថាឈ្នះ ឬចាញ់ ខ្ញុំនឹងបន្តតំណែងជាបវរកញ្ញាចក្កវាឡអន្តរជាតិអាមេរិក (Miss Global International USA) ថ្មីរយៈពេល ១ ឆ្នាំដើម្បីបង្ហាញខ្លួននៅតាមកម្មវិធីមួយចំនួនដូចជា American Idol, the Grammys និងកម្មវិធីមួយចំនួនទៀត”។ ស្រីស្រស់ដើមកំណើតកម្ពុជារូបនេះបន្តទៀតថា នាងនឹងយកវេទិកាខាងលើនាំយកប្រទេសកម្ពុជា ក៏ដូចជាភាពសម្បូរបែបរបស់អាមេរិកឲ្យសាធារណជនបានស្គាល់។ ក្រៅពីនោះ នាងក៏មានគម្រោងរៃអង្គាសថវិកាមួយចំនួនដើម្បីកិច្ចការមនុស្សធម៌នានាក្នុងប្រទេសកម្ពុជាផងដែរ។
អាន៖ ខ្សែជីវិត ពេជ្រ សោភា ល្មមជាគំរូបាន!
ប្រវត្តិសង្ខេបរបស់ផានិត សុវណ្ណ
មិនខុសពីជនរងគ្រោះដទៃទៀតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឪពុកម្ដាយរបស់ផានិត សុវណ្ណ បានគេចខ្លួនទៅស្នាក់នៅក្នុងជំរំកៅអ៊ីដាង (Kao I Dang) ប្រទេសថៃ។ ផានិត សុវណ្ណ (Phanith Rama Sovann) បានកើតក្នុងជំរំជនភៀសខ្លួនដដែលនៅឆ្នាំ ១៩៨៩។ នាងមានឪពុកឈ្មោះ សាន សុវណ្ណ និងម្ដាយឈ្មោះ រ៉ាម៉ា គឹម។
អាន៖ ប៉ុបពី រំលឹកប្រវត្តិជីវិត
ផានិត សុវណ្ណ កាន់ទង់ជាតិកម្ពុជាក្រោយជាប់បវរកញ្ញាកម្ពុជាឆ្នាំមុន
នៅឆ្នាំ ១៩៩១ គ្រួសាររបស់នាងបានផ្លាស់ទីលំនៅទៅកាន់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នាងចាប់ផ្ដើមច្រៀងនៅអាយុ ២ ឆ្នាំ និងសម្ដែងលើឆាកវិហារគ្រិស្តសាសនានៅអាយុ ៦ ឆ្នាំ។ ក្រោយមកទៀត ផានិតបានចូលរៀនព្យាណូនៅថ្នាក់ឯកជនមួយនៅអាយុ ៦ ឆ្នាំ ហើយអាចតែងបទចម្រៀងដំបូងដោយខ្លួនឯងនៅអាយុ ៨ ឆ្នាំ។ អំឡុងការសិក្សាបឋមសិក្សានាងបានរៀនមុខវិជ្ជាតន្ត្រីជាច្រើនទៀត។ នាងជាមនុស្សដែលមានចំណង់ចំណូលចិត្តខ្លាំងទៅលើការសម្ដែង ហើយក៏ជាមនុស្សដែលចូលចិត្តជំរុញអ្នកដទៃឲ្យតាមរកក្ដីស្រមៃរបស់ពួកគេដែរ។
អាន៖ ខ្សែជីវិតពិត តាវ៉ិចទ័រ អ្នកគ្រប់កម្មវិធីកម្សាន្តនៅ CTN
ផានិតបានក្លាយជាអ្នកដឹកនាំអធិដ្ឋាននៅព្រះវិហារនៅអាយុ ១២ ឆ្នាំ ហើយនៅឆ្នាំដដែលនោះនាងក៏បានក្លាយជាប្រធានក្រុមតន្ត្រីនៃក្រុមយុវជនសាសនាថ្មីមួយដែលទើបបង្កើតឡើងឆ្នាំនោះ។ នៅឆ្នាំ ២០០៧ ផានិតបានគ្រងតំណែងជាបវរកញ្ញា Jackrabbit នៅវិទ្យាល័យពហុបច្ចេកទេសឡុងប៊ិចក្នុងឆ្នាំចុងក្រោយរបស់នាងនៅវិទ្យាល័យ។ នាងបានធ្វើការងារសហគមន៍ជាច្រើនទាំងនៅអាមេរិក និងក្រៅប្រទេសពិសេសគឺ នៅកម្ពុជាផ្ទាល់តែម្ដង។
ផានិត សុវណ្ណសម្ដែងពេលប្រកួតបវកញ្ញាកម្ពុជាឆ្នាំមុន
នៅឆ្នាំដំបូងនៅ College នាងបានបង្កើតអង្គការមួយឈ្មោះថា យល់ដឹងកម្ពុជា (Cambodian Awareness Organization) ដើម្បីជំរុញការយល់ដឹងពីសហគមន៍កម្ពុជា ក៏ដូចជារៃអង្គាសថវិកាជួយដល់បេសកកម្មនានាក្នុងប្រទេសកម្ពុជា។ ផានិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងឆ្នាំ ២០១០ លើផ្នែកសិក្សាស្ត្រី និងមនុស្សសាស្ត្រ។ បច្ចុប្បន្ន នាងកំពុងប្រឡូកពេញទីក្នុងអាជីពជាអ្នកចម្រៀង តារាសម្ដែង និងម៉ូដែល៕
ប្រែសម្រួល៖ Zac
ប្រភព៖ IMDB, Khmerican, Missglobalinternational
0 comments:
Post a Comment