ក្រុមបាល់ទាត់ អធិរាជភ្នំស្វាយ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថាការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ៧មករា ឆ្នាំ២០១៤ នៅមណ្ឌលចំនួន៤ក្នុងខេត្ត ចាប់ពីចុងខែតុលាទៅ ខណៈគណៈកម្មការរៀបចំការប្រកួតកំពុងស្វះស្វែងរកអ្នកឧបត្ថម្ភយ៉ាងញាប់ដៃញាប់ជើង។
បើតាមលោក សុះ រ៉ូហ្សាលី គ្រូបង្វឹកក្រុមអធិរាជភ្នំស្វាយបានគូសបញ្ជាក់ថា ការប្រកួតដ៏ធំមិនធ្លាប់មាននាពេលខាងមុខនេះ កំពុងប្រកាសឲ្យក្រុមមានបំណងចូលរួមដាក់ពាក្យសុំចូលប្រកួត។ ព្រឹត្តិការណ៍នេះបង្កើតឡើងសម្រាប់៧ប្រភេទអាយុខុសៗគ្នារួមមាន៖
-Futsal អាយុក្រោម១០ឆ្នាំ
-Futsal អាយុក្រោម១៣ឆ្នាំ
-Futsal អាយុក្រោម១៤ឆ្នាំ (នារី)
-អាយុក្រោម១៦ឆ្នាំ
-អាយុក្រោម១៩ឆ្នាំ
-មហាជន
-មហាជន (នារី)
ការប្រកួតលីកហ្វូតសាលកុមារនាពេលកន្លងមកនៅក្រុងប៉ោយប៉ែត
សម្រាប់ការបង់វិភាគទានសុំសិទ្ធិចូលរួមប្រកួតវិញ គ្រូបង្វឹកទើបបញ្ចប់វគ្គ B License រូបនេះឲ្យដឹងថា លោកមិនទាន់ច្បាស់ពីរឿងនេះនៅឡើយទេ ព្រោះប្រសិនបើលោកអាចស្វែងរក Sponsor បានច្រើននោះក្រុមទាំងឡាយមិនតម្រូវឲ្យបង់ប្រាក់នោះទេ។ យ៉ាងណាក្តី លោកបានត្អូញត្អែរពីផលវិបាកក្នុងការដើររកអ្នកឧបត្ថម្ភ ត្បិតកម្មវិធីនេះអាចមានក្រុមចូលរួមដល់ទៅជាង១០០ក្រុមឯណោះ។ ក្នុងករណីមិនអាចរក Sponsor បានគ្រប់តាមតម្រូវការ គណៈកម្មការនឹងសម្រេចកាត់បន្ថយក្រុមចូលរួម ឬកាត់បន្ថយការប្រកួតក្នុងប្រភេទអាយុណាមួយ។
គោលបំណងចម្បងរបស់ព្រឹត្តិការណ៍ គឺចង់ឲ្យការលេងបាល់ទាត់ក្លាយជាចលនា អូសទាញយុវជនគ្រប់តំបន់រាប់តាំងពីថ្នាក់ភូមិឡើង ឲ្យងាកមកលេងបាល់ដើម្បីកាត់បន្ថយការប្រព្រឹត្តអំពើអបាយមុខ ដែលផ្ទុយពីសង្គម។ ម្យ៉ាងវិញទៀត ការបង្កើន និងទាញយកធនធានកីឡាករល្អៗក្នុងខេត្ត ក៏ជាគោលដៅមួយដ៏ធំផងដែរសម្រាប់ការប្រកួតនេះ។ យុវជនឈុតធំមួយក្រុមនឹងត្រូវបានសម្រិតសម្រាំងដើម្បីត្រៀមប្រកួតក្នុងយុទ្ធនាការ Hun Sen Cup 2014 នាចុងឆ្នាំនេះ។
ចំណែកមណ្ឌលប្រកួតទាំង៤ គឺមណ្ឌលក្រុងសិរីសោភ័ណ មណ្ឌលក្រុងប៉ោយប៉ែត មណ្ឌលស្រុកថ្មពួក និងមណ្ឌលស្រុកម៉ាឡៃ ដែលការប្រកួតធ្វើឡើងរៀលរាល់ថ្ងៃសៅរ៍-អាទិត្យ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា។ ដោយឡែក រូបមន្តនៃការប្រកួតមិនទាន់បានបង្ហាញនៅឡើយ ព្រោះត្រូវអនុលោមទៅតាមចំនួនក្រុមដាក់ពាក្យ ប៉ុន្តែគ្រូបង្វឹកដដែលក៏បានបង្ហើបថា ជើងខ្លាំង២ក្រុមមកពីគ្រប់មណ្ឌលនឹងត្រូវឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅទីលានសាកលវិទ្យាល័យមានជ័យ ទីរួមខេត្តបន្ទាយមានជ័យ។
អត្ថបទពាក់ព័ន្ធ៖ ប៉ោយប៉ែត បើកលីកបាល់ទាត់ហ្វូតសាលកុមារដ៏ធំមួយ
ប្រសិនបើអ្វីៗដំណើរការតាមការគ្រោងទុក នឹងមានវត្តមានឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួត។
ជាចុងក្រោយ លោក សុះ រូហ្សាលី គ្រូបង្វឹក និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ទទូចឲ្យសប្បុរសជន ក្រុមហ៊ុន អង្គភាព ឬស្ថាប័នរដ្ឋ និងឯកជននានា ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ ជួយបរិច្ចាគជាធនធានផ្សេងៗ ដល់កម្មវិធីមួយនេះ។ សម្រាប់ប្រិយមិត្តដែលមានបំណងចូលរួមឧបត្ថម្ភដល់ការប្រកួតខាងលើ សូមទាក់ទងលោក សុះ រ៉ូហ្សាលី តាមរយៈទូរសព្ទលេខ ០១២ ៤៣៨ ០០១ ឬ ០៩៧ ៧ ៤៣៨ ០០១ និងតាមអ៊ីមែល rozaly_sos@yahoo.com៕
0 comments:
Post a Comment