​ដោយ​​មើល​ឃើញ​ថា​អតីត​កីឡាករ​របស់​ខ្លួន​​ល្អ​ដែរ​តែ​មិន​ស្ថិត​ក្នុង​ជម្រើស​ដំបូង​របស់​លោក Jose Mourinho ក្លិប Valencia កំពុង​ព្យាយាម​តាម​ទិញ​ខ្សែ​បម្រើ​ Juan Mata ​ពី Chelsea ​ទៅ​វិញ​។

​ក្រោយ​ពី​​ត្រូវ​លោក André Villas-Boas ទិញ​ពី​​ Valencia ​មក​​លេង​ឱ្យ​ Chelsea ក្នុង​តម្លៃ​៣៨​លាន​ដុល្លារ​អាមេរិក​(២៣,៥​លាន​ផោន)​​​នា​ខែ​សីហា​ឆ្នាំ​២០១១ មក ​ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​២៥​ឆ្នាំ​រូប​នេះ​គឺ​ជា​កម្លាំង​សំខាន់​មួយ​រូប​នៅ Stamford Bridge ទាំង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Villas Boas, Roberto Di Matteo និង​លោក Rafael Benitez ​ដែល​ឈ្នះ​ជើងឯក UEFA Europa League ​រដូវ​កាល​មុន​។

អត្ថបទ​ដឹង​ទេ​ថា​១០​ឆ្នាំ​មក​នេះ​ Abramovich ​ចាយ​លុយ​អស់​ប៉ុន្មាន​ដើម្បី​ទិញ​កីឡាករ​មក​ Chelsea​?​

Juan Mata (អាវ​ខៀវ)

​ប៉ុន្តែ​អនាគត​​របស់​អតីត​យុវជន​ក្លិប Real Madrid រូបនេះ​នៅ​ក្រុម​តោ​ខៀវ​ចាប់​ផ្ដើម​មិន​ច្បាស់លាស់​តាំង​ពី​ពេល​លោក Jose Mourinho វិល​មក​កាន់​តំណែង​ជា​លើក​ទី​២​ ដោយ​ត្រូវ​ធ្លាក់​ខ្លួន​ជា​កីឡាករ​​បម្រុង​ដែល​មិន​សូវ​បាន​លេង​សោះ​។​ ការណ៍​នេះ​បាន​ទាញ​ចំណាប់អារម្មណ៍​ក្លិប​ធំ​ៗ​មួយ​ចំនួន​ដូច​ជា Arsenal, Spurs ​និង​ Man Utd​ ​ឱ្យ​ផ្ដោត​មក​តាមដាន​ស្ថានភាព​របស់​កីឡាករ​​ជំនាញ​ជើង​ឆ្វេង​នេះ​។ តែ​ Valencia ​​ដែល​ Mata ធ្លាប់​លេង​ឱ្យ​ពី​ឆ្នាំ​២០០៧​ដល់​២០១១ កំពុង​នាំ​មុខ​គេ​ក្នុង​ការ​នាំ​យក​​អតីត​កីឡាករ​របស់​ខ្លួន​ត្រលប់​ទៅ​ Mestalla Stadium វិញ​ ក្នុង​តម្លៃ​ប្រហែល​២៥​លាន​ផោន​ ឬ​៤០​លាន​ដុល្លារ​អាមេរិក​។​​

អត្ថបទ​Chelsea ​ជួប​កំណត់ត្រា​អាក្រក់​បំផុត​ក្រោយ​មិន​ឈ្នះ​៤ប្រកួត​ជាប់​គ្នា

​ប្រសិន​បើ​ Mata ត្រលប់​ទៅ​ Valencia វិញ​នោះ រូប​គេ​នឹង​មាន​ឈ្មោះ​លេង​ជម្រើស​១១​នាក់​ដំបូង​ជាប់​លាប់ ដែល​​បង្កើន​ឱកាស​​​​ជាប់​ទៅ​លេង​ World Cup ជាមួយ​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ នៅ​ប្រេស៊ីល កាន់​តែ​ខ្ពស់​។

​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ច្បាស់​ថា​សមាជិក​ជើងឯក World Cup ២០១០ និង Euro ២០១២ ​​ខាង​លើ​នឹង​​ផ្លាស់​ទៅ​រក​ទ្រនំ​ថ្មី​នា​ខែ​មករា​ឆ្នាំ​២០១៤​ឬ​អត់​នោះ​ទេ​៕​

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​&​រូបថត​៖​ dailymail