អគារកម្ពស់ ៥ ជាន់សង់បានជាង ៣០ ឆ្នាំបាក់រលំសង្កត់មនុស្ស ២២ គ្រួសារ

ក្រុងមុមបៃ ៖ ប្លុកអគារស្នាក់នៅ កម្ពស់៥ជាន់ បានបាក់រលំ នៅទីក្រុងមុមបៃ កាលពីថ្ងៃសុក្រ ដោយបាន សម្លាប់មនុស្ស យ៉ាងហោចណាស់ ១៣ នាក់និងមានមនុស្សជាប់នៅក្រោម គំនរបាក់បែកជាច្រើននាក់ទៀត ហើយបុគ្គលិក អ្នកជួយសង្គ្រោះ មានលទ្ធភាព ទាញយកអ្នកនៅរស់ជិត ៥០នាក់ ចេញពីកំទេចបាក់បែក នៃអគារដែល ដួលរលំរាបដល់ដីនោះ។
អគារកម្ពស់៥ជាន់ នេះកាន់កាប់ដោយអង្គការ រដ្ឋបាលប្រជាជន ជាអង្គការសាជីវកម្ម ទីក្រុងមុមបៃស្ថិតនៅខាងកើត ទីក្រុងនេះ។ ពួកអ្នកជីកកកាយ ជាច្រើននាក់ បានធ្វើសកម្មភាព ញាប់ដៃញាប់ជើង ដើម្បីលើកផ្ទាំងបេតុងធំៗ សម្រួលឲ្យក្រុមអ្នក ជួយសង្គ្រោះយកសាកសព ចេញនិងស្វែងរក ពួកអ្នកដែលនៅមានជីវិត។
យោងទៅតាមសេចក្តីបញ្ជាក់ ពីសាជីវកម្ម បានឲ្យដឹងថា សាកសព ១៣ នាក់ត្រូវបានទាញ យកចេញពីក្នុង គំនរបាក់បែក ព្រមជាមួយនឹង អ្នករងរបួស ២០ នាក់ផងដែរ ហើយមនុស្ស ២៧ នាក់នាក់ទៀត នៅមានសុខភាពល្អ។ គេមិនដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ ជាប់នៅក្នុងអគារនោះទេ ប៉ុន្តែមន្ត្រីក្នុងស្រុក បាននិយាយថា មានមនុស្សចំនួន ២២ គ្រួសារ ស្នាក់នៅក្នុងប្លុកអគារនេះ។
អ្នកនាំពាក្យម្នាក់ បាននិយាយថា «អគារនេះមានអាយុ៣០ ឆ្នាំហើយ។ យើងបានចេញ សេចក្តីជូនដំណឹងប្រាប់ ពួកគេនៅក្នុងខែមេសា ឲ្យចាកចេញ ពីអគារនេះ ប៉ុន្តែពួកគេមិនព្រមធ្វើតាមទេ»។ ឧបទ្ទវហេតុនេះ បានបង្ហាញឲ្យឃើញផងដែរថា សំណង់នេះខ្វះគុណភាព និងរំលោភទៅលើ ច្បាប់ដែលបណ្តាលមកពី អំពើពុករលួយដែល បានរាលដាល ក្នុងចំណោមមន្ត្រី គ្រប់គ្រងផ្នែកសំណង់៕
ប្រភពពី៖ www.watphnom-news.com
0 comments:
Post a Comment