អតីតប្តីកំណាច កាប់ប្រពន្ឋ របួសធ្ងន់ រឿងហាម ដើរលេងយប់ មិនស្តាប់

ព្រះសីហនុ ៖ ស្ត្រីម្នាក់ ត្រូវបានសាច់ញាតិ ដឹកមកកាន់មន្ទីរពេទ្យបង្អែក ចំការចេក ខេត្តព្រះសីហនុ ដើម្បីជួយ សង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវបានអតីតប្តី កាប់មួយកាំបិតបុ័ងតោ ចំពីលើក្បាល បណ្តាលឲ្យរយៈហូឈាមស្រោច ពេញខ្លួន។
ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី២៦ កញ្ញាឆ្នាំ២០១៣ នៅចំណុចក្រុមទី ៣៥ ភូមិ៣សង្កាត់លេខ១ក្រុង-ខេត្តព្រះសីហនុ។ តាមការឲ្យដឹងពីលោកអនុសេនីយ៍ទោ លឹម ស៊ន នាយប៉ុស្តិ៍ រដ្ឋបាលនគរបាលសង្កាត់លេខ១ បានឲ្យដឹងថាជនសង្ស័យ ដែលអះអាងថាជាអតីតប្តី ស្ត្រីរងគ្រោះ មានឈ្មោះ ឈន សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុមទី៣៥ ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុ មុខរបរកម្មករ ទូកនេសាទ បានធ្វើសកម្មភាពកាប់ទៅលើស្ត្រីម្នាក់ ដែលអះអាង ថាជាអតីតប្រពន្ឋបណ្តាលឲ្យ រងរបួសធ្ងន់ បច្ចុប្បន្ន កំពុងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកចំការចេក។ ស្ត្រីរងគ្រោះមានឈ្មោះ ចេង លេង ភេទស្រី អាយុ២៤ឆ្នាំ មាន ទីលំនៅក្រុមទី៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុមានស្រុកកំណើតនៅខេត្តព្រៃវែង។
តាមការឲ្យដឹងពីស្ត្រីរងគ្រោះបាននិយាយថា រវាងរូបនាង និងបុរសជាប់សង្ស័យធ្លាប់ជាប្រពន្ឋប្តីនឹងគ្នា ប៉ុន្តែបាន លែងលះគ្នាជិត១ឆ្នាំមកហើយ ។ នៅថ្ងៃកើតហេតុអតីតប្តី របស់នាងបានហាមនាងមិនឲ្យដើរលេងផ្ទះមិត្តភ័ក្រ្ត នៅពេលនោះរូបនាងក៏បានលាមិត្តភ័ក្រត្រឡប់មកផ្ទះវិញ ក៏ត្រូវបានអតីតប្តីកំណាចកាប់មួយកាំបិតបុ័ងតោ ហូរ ឈាមកក្លាក់ដូចគេអាករមាន់តែម្តងទៅ។
0 comments:
Post a Comment