Pepe Reina អ្នក​ចាំ​ទី​ Napoli ខ្ចី​ជើង​ពី​ Liverpool បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​គ្មាន​ថ្ងៃ​វិល​​ត្រលប់​មក​ពាក់​អាវ​ហង្ស​ក្រហម​ម្ដង​ទៀត​នោះ​ទេ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ចាំ​ទី​វ័យ​៣១ឆ្នាំ​រូប​នេះ ក៏​បាន​លើក​ឡើង​ពី​ការ​ចាកចេញ​ពី​ក្លិប​ទាំង​ជូរចត់​នា​ពេល​កន្លង​មក​​នោះ​​ដែរ។

Reina បាន​ធ្វើ​ការ​ជាមួយ​អតីត​អ្នក​ចាត់ការ​របស់​ខ្លួន គឺ Rafael Benitez នៅ Napoli ហើយ​បាន​ចាប់​ផ្ដើម​បញ្ចេញ​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី​នា​ដើម​រដូវ​កាល​ Italy Serie A បូក​រួម​ទាំង​ការ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដំបូង​ដែល​អាច​ជួយ​សង្រ្គោះ​បាល់​ប៉េណាល់ទី​របស់ Mario Balotelli ផង​ដែរ ពេល​ក្រុម​​ខ្លួន​ឈ្នះ​នៅ​ទឹក​ដី AC Milan ជា​លើក​ដំបូង​ក្នុង​២៧ឆ្នាំ​ចុង​ក្រោយ។ លទ្ធផល​នេះ​អាច​ជា​ការ​ប៉ះប៉ូវ​ឡើង​វិញ​នូវ​ការ​ខក​ចិត្ត​ត្បិត​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ពី Liverpool ទាំង​មិន​ដឹង​ខ្លួន​មុន​នា​ពេល​កន្លង​មក ទោះ​បី​ជួយ​ក្លិប​នេះ​បាន​យ៉ាង​ច្រើន​​ក៏​ដោយ។

Reina ដែល​សល់​រយៈ​ពេល​៣ឆ្នាំ​ក្នុង​កិច្ច​សន្យា​ជាមួយ​ហង្ស​ក្រហម បាន​និយាយ​ថា៖ “វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ គឺ​ក្លិប (Liverpool) ដែល​បង្កើត​ឲ្យ​មាន​ការ​ប្ដូរ​នេះ។ ខ្ញុំ​កំពុង​សម្រាក​វិស្សមកាល​ ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​ប្រាប់​ខ្ញុំ​អ្វី​នោះ​ទេ។ ភ្លាមៗ​នោះ Napoli បាន​ទូរសព្ទ​មក​ខ្ញុំ ហើយ​ប្រាប់​ថា​ពួក​គេ​បាន​យល់​ព្រម​លើ​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ជាមួយ Liverpool ខណៈ​ Liverpool ក៏​ប្រាប់​ខ្ញុំ​ដូច​គ្នា​នេះ​ដែរ​នៅ​២ថ្ងៃ​បន្ទាប់។ ប្រហែល​ពួក​គេ​ (Liverpool) មាន​ហេតុផល​ផ្ទាល់​ខ្លួន”។

Reina ស្រែក​ក្រោយ​​សង្រ្គោះ​បាល់​ប៉េណាល់ទី​ស៊ុត​ដោយ Balotelli

អ្វីៗ​បាន​​កើតឡើង​យ៉ាង​រហ័ស ហើយ​អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ចុះ​កិច្ច​សន្យា​ខ្ចី​ជើង​១រដូវ​កាល។ Benitez នឹង​ធ្វើ​យ៉ាង​ណា​អាច​ទិញ Reina មក Napoli ជា​អចិន្ត្រៃយ៍​តែ​ម្ដង ប៉ុន្តែ​ត្រូវ​ប្រជែង​ជាមួយ Barcelona ដែល​ចង់​អ្នក​ចាំ​ទី​នេះ​ដូច​គ្នា ខណៈ Victor Valdes នឹង​ចាកចេញ​​ក្រោយ​ចប់​កិច្ច​សន្យា​នា​ឆ្នាំ​ក្រោយ។

Reina មិន​ទាន់​ប្រាកដ​ថា​អ្វី​នឹង​​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​អ្វី​ដែលអាច​ថា​ប្រាកដ​បាន​ គឺ​រូប​គេនឹង​​មិន​វិល​ទៅ Anfield វិញ​ឡើយ។ អ្នក​ចាំ​ទី​​ជម្រើស​ជាតិ​អេស្ប៉ាញ​ បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា “No” អម​ដោយ​កាយវិការ​គ្រវីក្បាល​ មុន​នឹង​បន្ត​ថា៖ “នៅ​ពេល​នេះ​គឺ​ជា​កាលៈទេសៈ​ដ៏​លំបាក​ក្នុង​ការ​គិត​ថា​អាច​ក្លាយ​ជា​កីឡាករ Liverpool នា​ឆ្នាំ​ក្រោយ។ ពួក​គេ​មាន​អ្នក​ចាំ​ទី​វ័យ​ក្មេង Simon Mignolet ហើយ​អ្នក​ចាត់ការ​ចង់​បាន​គាត់​ជាង​ខ្ញុំ”។

អតីត​យុវជន​របស់ Barcelona រូប​នេះ​បាន​បន្ថែម​ថា៖ “ខ្ញុំ​ចង់​រីករាយ​ក្នុង​ឆ្នាំ​នេះ។ វា​ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ​ជាមួយ World Cup ដែល​ជិត​មក​ដល់ ហើយ​អាច​វិល​មក​លេង​​ Champions League និង​លេង​ដើម្បី​ប្រជែង​យក​ពាន​រង្វាន់ (Serie A)។ ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ខកខាន​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ។ ខ្ញុំ​រីករាយ​ដែល​អាច​លេង​ក្នុង​កម្រិត​កំពូល​នេះ​ជា​ថ្មី”។

ដូច​ដែល Reina បាន​បញ្ជាក់​ខាង​លើ​អញ្ចឹង​ដែរ Liverpool ឲ្យ Nopoli ខ្ចី​ Reina មិន​មែន​ដោយ​សារ​លែង​ចង់​ប្រើប្រាស់​អ្នក​ចាំ​ទី​នេះ​ទេ ប៉ុន្តែ​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ។ ប្រិយមិត្ត​អាច​ចុច​ទី​នេះ​ដើម្បី​អាន​លម្អិត

Pepe Reina នឹង​វិល​ទៅ​អង់គ្លេស​​ជា​ថ្មី​​នា​​សប្ដាហ៍​ក្រោយ ពេល Napoli ជួប​ Arsenal នៅ Champions League។