អតីតសមាជិកក្រុមចម្រៀង MKS លោក ហេង ពិទូ ប្រាប់ថាលោកចូលចិត្តលេងបាល់ទាត់នៅពេលទំនេរពីការងារសិល្បៈ ដើម្បីថែរក្សាសុខភាពឱ្យរឹងម៉ាំ។
កាលពីពេលថ្មីៗ នេះ ហេង ពិទូ បានបង្ហោះរូបថតមួយសន្លឹកតាម Page Facebook របស់ខ្លួនពីការត្រៀមលេងបាល់ នៅទីលានបាល់ទាត់ស្មៅសិប្បនិមិត្តមួយកន្លែង។ ស្របនឹងរូបភាពនេះសាមីខ្លួនបានលើកឡើងថា៖ “ខ្ញុំតែងតែចំណាយពេល ៣ ថ្ងៃ ក្នុងមួយសប្ដាហ៍ដើម្បីលេងបាល់ទាត់ជាមួយមិត្តរួមការងារ ព្រោះពួកយើងមានក្រុមបាល់ទាត់ផ្ទាល់ខ្លួន។ យើងលេងមិនយកជាអាជីពអីទេ គឺដើម្បីសុខភាពតែប៉ុណ្ណោះ ”។
ខុសពីតារាដទៃដែលចូលចិត្តតែរក្សាសម្រស់ មានខ្លះសឹងតែមិនហ៊ានឱ្យត្រូវពន្លឺថ្ងៃផង ព្រោះខ្លាចខូចស្បែក តែចំពោះ ហេង ពិទូ វិញមិនសូវមានបញ្ហាចោទក្នុងរឿងនេះទេ ដោយលោកលៃលកពេលលេងថ្ងៃល្ងាច ។
ហេង ពិទូ(អាវខ្មៅ) ជាមួយមិត្តរួមក្រុម (រូបថត៖ Facebook Page របស់ ហេង ពិទូ)
និយាយពីចំណង់ចំណូលចិត្តក្រុមបាល់ទាត់ និងកីឡាករបាល់ទាត់អន្តរជាតិ តារារូបនេះលើកឡើងថាលោក ហេង ពិទូ លើកឡើងថាចូលចិត្តក្រុមបាល់ទាត់ Real Madrid និងពេញចិត្តទម្រង់លេងរបស់ Ronaldo (Real Madrid), Messi (Barcelona) និង Zlatan Ibrahimovic (PSG)។ ដោយឡែក ចំពោះក្រុមបាល់ទាត់ក្នុងស្រុកលោកមិនសូវស្គាល់ទេ ព្រោះការផ្សព្វផ្សាយមិនសូវទូលំទូលាយ។
ក្រៅពីបាល់ទាត់ ម្ចាស់បទ “រឿងអតីត” ក៏ចូលចិត្តលេងបាល់ទះ ដែរ ប៉ុន្តែដោយសារបាល់ទះមិនសូវមានមិត្តភក្ដិចេះលេងក៏លេងបាល់ទាត់ច្រើនជាងទៅ។ ទន្ទឹមនឹងនេះលោកបានសំណូមពរឱ្យមិត្តយុវវ័យ ឆ្លៀតពេលហាត់ប្រាណដើម្បីសុខភាព ជៀសវាងដើរលេង ឬ ចំណាយពេលទំនេរទុកចោល។
អត្ថបទពាក់ព័ន្ធ៖ លឺថា កែវ វាសនា ភ័យចំពោះវត្តមានហេង ពិទូ?
លោក ហេង ពិទូ បានឈានចាប់អាជីពជាអ្នកចម្រៀងជិត១០ឆ្នាំមកហើយ។ លោកជាអតីតសមាជិកក្រុមល្បីម្នាក់ក្នុងក្រុមMKS ពីឆ្នាំ២០០៥-២០០៦។ លោកច្រៀងឲ្យផលិតកម្ម Bigman ជិតពីរឆ្នាំ ទើបចាកចេញ មកផលិតកម្ម សាន់ដេរ ដែលជាទ្រនំចុងក្រោយនេះ។
0 comments:
Post a Comment