ចាញ់សម្រស់នាងៗភេទទី៣ ប៊ិះស៊យអស់កាបូបលុយ

ខេត្តកំពង់ធំ ៖ យុវជនម្នាក់កំពុងតែអង្គុយបែបសង់ទីម៉ង់ នៅចំណុចសួនកុមារក្បែរមាត់ស្ទឹងសែន ស្ថិតក្នុងភូមិទី៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ ស្រាប់តែមានពួកនាងៗ ភេទទី៣ បួននាក់ ទៅលួងលោមរួចបន្លំលូក យកកាបូបលុយយកទៅបាត់ តែសំណាងល្អបានសមត្ថកិច្ចតាម រកឃើញយកមកវិញ។
លោកវរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានឲ្យដឹងថា យោងតាមចម្លើយ ជនរងគ្រោះ បានប្រាប់ថា ខ្លួនឈ្មោះ ហុក ឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន នៅយប់ថ្ងៃកើតហេតុរូបគេកំពុង តែអង្គុយលេងម្នាក់ឯងនៅចំណុច សួនកុមារក្បែរមាត់ស្ទឹងសែន ស្រាប់តែនាងៗ ភេទទី៣ មានគ្នាបីនាក់ ដើរមកជិតរួចនិយាយលេង បណ្តើរលូកប្រឡែងលេងបណ្តើរ មួយសន្ទុះក្រោយមកពួកនាងៗ ទាំងអស់នោះ ក៏ចេញទៅបាត់ ស្រាប់តែខ្លួនស្ទាបហោប៉ាវខោបាត់កាបូបលុយ ក៏ដើរទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ធំ ដែលនៅជិតនោះ ហើយកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានសហការជាមួយនិងកម្លាំងជំនាញ នៃអធិការក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួនជនសង្ស័យជាភេទទី៣ បានចំនួន ៣នាក់ នៅចំណុចជិតរូបសំណាកដំរីជាន់ខ្លា ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ។
ជនសង្ស័យ ទី១.ឈ្មោះ ជូ វ៉ាន់ (ខ្ទើយ) អាយុ ២៥ឆ្នាំ ទី២.ឈ្មោះ ជូ អារីយ៉ា (ខ្ទើយ) អាយុ ១៥ឆ្នាំ និងទី៣.ឈ្មោះ សុខ សំណាង (ខ្ទើយ) អាយុ ១៤ឆ្នាំ មានទីលំនៅផ្ទះជួលខណ្ឌឬស្សីកែវ ទីក្រុងភ្នំពេញ និងដកហូតមកវិញបានប្រាក់ដុល្លារចំនួន ៥៦ដុល្លារ លុយខ្មែរ ២០៣០០រៀល និងអត្តសញ្ញាណបណ្ណ ១សន្លឹក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយ បែបលេងសើចថា នេះគឺជាទម្លាប់របស់ពួកនាងៗ ទៅហើយ នាងគ្មានខ្លាចគុកទេ ព្រោះធ្លាប់ជាប់ច្រើនដងរាប់មិនអស់ទៅហើយនៅភ្នំពេញ ទើបចង់មកសាកល្បងមើលគុកនៅខេត្តកំពង់ធំម្តង។
ចំណែកនាងទី៤ សក់ខ្លី ស្លៀកខោវែង ពាក់អាវដៃខ្លី និងស្ពាយកាបូបពណ៌ក្រហម ដែលសមត្ថកិច្ចពុំបានចាប់នោះ បែរជានិយាយថា ហេតុអ្វីក៏នគរបាលមិនចាប់ទាំងនាងផងទៅ នាងក៏បានចូលរួមចំណែកក្នុងរឿងនេះដែរ បើជាប់គុកទាំងអស់គ្នាទើបវាសប្បាយ ។ បច្ចុប្បន្ន សមត្ថកិច្ចបានចងក្រងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
0 comments:
Post a Comment