នៅ​ទី​បំផុត Rafael Nadal អាច​ដណ្ដើម​យក​តំណែង​លេខ​១​ពិភពលោក​ពី Novak Djokovic បាន​វិញ​ហើយ​នា​ថ្ងៃ​នេះ (ចន្ទ) ក្រោយ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ China Open។ ទោះ​ការ​ប្រកួត​នោះ Djokovic បាន​យក​ឈ្នះ Nadal ដើម្បី​លើក​ពាន​​ក៏​ដោយ ក៏​កីឡាករ​ជនជាតិ​ស៊ែប​រូប​នេះ មិន​អាច​ទប់​ Nadal មិន​ឲ្យ​ដណ្ដើម​ចំណាត់ថ្នាក់​កំពូល​ពី​ខ្លួន​​បាន​ឡើយ។

Nadal នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ China Open

នៅ​ចាំ​បាន​ថា Nadal បាន​ធ្លាក់​ចំណាត់ថ្នាក់​ជា​បន្ត​បន្ទាប់​ ក្រោយ​រង​របួស​ជង្គង់​អស់​រយៈ​ពេល​៧ខែ។ ប៉ុន្តែ​ក្រោយ​វិល​ត្រលប់​ចូល​ទីលាន​ប្រកួត​វិញ កីឡាករ​​​ម្ចាស់​ជើងឯក ​១៣ Grand Slam រូប​នេះ បាន​យក​ឈ្នះ​ពាន​ដល់​ទៅ​១០ ក្នុង​នោះ​ក៏​មាន​ពាន Grand Slam ២ផង​ដែរ គឺ French Open និង US Open។ ចំពោះ​កំណត់ត្រា​វិញ គឺ​ឈ្នះ ៦៥ប្រកួត និង​ចាញ់​តែ​៤ប្រកួត​ប៉ុណ្ណោះ។

កីឡាករ​វ័យ​២៧ឆ្នាំ បាន​និយាយ​ឲ្យ​ដឹង​ថា​៖ “នេះ​គឺ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ ជា​ឆ្នាំ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​អាជីព​របស់​ខ្ញុំ។ វា​ពិត​ជា​ពិសេស​ណាស់​ក្នុង​ការ​វិល​មក​កាន់​តំណែង​កំពូល​វិញ ក្រោយ​មិន​បាន​លេង​ជាង​កន្លះ​ឆ្នាំ”។

Nadal បាន​ស្គាល់​ជាតិ​ឈរ​នៅ​លេខ​១ពិភពលោក​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០០៨ ដោយ​អាច​ឈរ​ជើង​បាន​៤៦សប្ដាហ៍។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១០ កីឡាករ​ជំនាញ​​ដៃ​ឆ្វេង​រូប​នេះ អាច​ដណ្ដើម​លេខ​១ពី Roger Federer មក​វិញ ហើយ​អាច​រក្សា​តំណែង​នោះ​បាន​៥៦សប្ដាហ៍​ មុន​ត្រូវ​បាន Djokovic ដណ្ដើម​យក​នា​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១១។

ចាំ​មើល​មើល៍ ថា​តើ​ការ​ឡើង​មក​ឈរ​លេខ​១​ជា​លើក​ទី​៣​នេះ Nadal អាច​រក្សា​បាន​ប៉ុន្មាន​សប្ដាហ៍?

​​ចង់​ដឹង​កីឡាករ​វាយ​កូន​បាល់​ណា​ខ្លះ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០​សប្ដាហ៍​នេះ សូម​មើល​តារាង​ខាង​ក្រោម៖

ចំណាត់ថ្នាក់​ ឈ្មោះ សញ្ជាតិ
Rafael Nadal អេស្ប៉ាញ
Novak Djokovic ស៊ែប
Andy Murray ស្កុតឡែន
David Ferrer អេស្ប៉ាញ
Juan Martin Del Potro អាហ្សង់ទីន
Tomas Berdych សាធារណរដ្ឋឆេក
Roger Federer ស្វីស
Stanislas Wawrinka ស្វីស
Jo-Wilfried Tsonga បារាំង
១០ Richard Gasquet បារាំង