ចំ​ថ្ងៃ​​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​​ជាតិ​ខ្មែរ​តែ​ម្ដង មាន​ព័ត៌មាន​ដោះដូរ​កីឡាករ​បាល់ទាត់​ក្នុង​ស្រុក​មួយ​គួរ​ឱ្យ​ភ្ញាក់​គឺថា​ ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី បាន​ផ្លាស់​ចេញ​ពី​ក្លិប​ជើង​ឯក​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៣ ស្វាយរៀង ​ទៅ​រួម​អាជីព​ជាមួយ​ចម្ការកៅស៊ូបឹងកេត ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម។យើងខ្ញុំបាន​ជជែកសួរ​ជាមួយ​លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ខេត្ត​ស្វាយរៀង ទាក់ទង​នឹង​បញ្ហា​ក្រុម​ក្រោយ​បាត់បង​ម្ចាស់​ស្បែក​ជើង​មាស​ពាន​សម្ដេច​ ហ៊ុន សែន​​ ២ សម័យកាល (២០១១ – ២០១២) ​ខាង​លើ។

Sabay៖ តើ​មាន​​បញ្ហា​អ្វី ទើប​បាន ឃួន ឡាបូរ៉ាវី ចាកចេញ​ពី​ស្វាយរៀង?

សំ វ៉ាន់ដេត៖ តាម​ពិត​គ្មាន​រឿង​អ្វី​​ក្នុង​ក្លិប​នោះ​ទេ តែ​ដោយ​មាន​ការ​ចរចា​រវាង​ប្រធាន​ក្លិប​និង​ប្រធាន​ក្លិប​ ហើយ​ណាមួយ​កីឡាករ​គាត់​ចង់​ចាកចេញ​ផង​ទើប មាន​ការ​ដោះដូរ​គ្នា​ជាមួយ​នឹង​ប្រាក់​តម្លៃ​ខ្លួន​មួយ​ចំនួន​តែ​ម្ដង​​ទៅ។ ខ្ញុំ​ក៏​សូម​សរសើរ​ដល់ ក្លិប​​បឹងកេត ដែល​ចង់​បាន​កីឡាករ ​ហើយ​មាន​ការ​ចរចា​តាម​រយៈ​​ថ្នាក់​ដឹកនាំ ដោយ​មិន​ចេះ​​ធ្វើ​អ្វី​លួច​លាក់។

ឃួន ឡាបូរ៉ាវី (ក្រហម) ប៉ះជាមួយ គីរីវង់សុខសែនជ័យ កាល​ជា​កីឡាករ​របស់​ស្វាយរៀង​​ ក្នុង​រដូវកាល​មុន

Sabay៖ តើ​លោក​មាន​ដឹង​តម្លៃ​ខ្លួន​នៃ​ការ​ដោះដូរ​នេះ​​ស្ថិត​ក្នុង​ទំហំ​ប៉ុណ្ណា​ដែរ​​?

សំ វ៉ាន់ដេត៖ ខ្ញុំ​មិន​សូវ​ដឹង​រឿង​នេះ​​ច្បាស់​ទេ ព្រោះ​ខ្ញុំ​មាន​នាទី​តែ​បង្ហាត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ឮល្ហៀងៗ តម្លៃ​ខ្លួន​នៃ​ការ​ដោះដូរ​ប្រហែល​ចន្លោះ​ពី [៥ ពាន់​ដុល្លារ ទៅ ៨ ពាន់​ដុល្លារ]។

Sabay៖ ក្រោយ​ការ​ចាកចេញ​របស់ បូរ៉ាវី តើ​មាន​ផល​ប៉ះពាល់​ដល់​ក្រុម​​លោក​ដែរយ៉ាង​ណា​?

សំ វ៉ាន់ដេត៖ ប៉ះ​ពាល់​ចេះ​តែ​ប៉ះ​ពាល់​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច បើ​យើង​ចង់​​ឱ្យ​កីឡាករ​​ក្លាយ​ទៅ​ជា​អាជីព មាន​តម្លៃ​ខ្លួន មាន​ប្រាក់​បៀវត្ស​ច្រើន​ជាង​មុន យើង​មាន​តែ​ធ្វើ​បែប​នេះ។ ខ្ញុំ​នឹង​រក​កីឡាករ​ល្អៗ មក​ជំនួស​កន្លែង​គេ​ដើម្បី​រក្សា​​តុល្យភាព​របស់​ក្រុម។

លោក សំ វ៉ាន់ដេត កាល​ពី​រដូវកាល​មុន​

Sabay៖ តើ​លោក​គិត​ថា​កីឡាករ​ណា​​ដែល​មាន​លទ្ធភាព​យក​តំណែង​ស្នូល​របស់​ ឃួន ឡាបូរ៉ាវី?

សំ វ៉ាន់ដេត៖ ខ្ញុំ​សម្លឹង​ឃើញ​​កីឡាករ​​ម្នាក់ ដែល​ជ្រើស​ចេញ​ពី​ឈុត​​​យុវជន​ថ្នាល​របស់​យើង។ ក្មេង​ហ្នឹង​បើ​ទៅ អនាគត​អាច​មាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង បូរ៉ាវី ដែរ ។ ឥឡូវ​គេ​នៅ​ក្មេង ប៉ុន្តែ​យើង​បណ្ដុះ​ប្រហែល​មួយ​ឆ្នាំ​ទៀត អាច​នឹង​ឡើង​ជើង ដូច​រាម​ច្បង ផ្សេង​ៗ ទៀត។ គេ​ឈ្មោះ ណុប តុលា ធ្លាប់​ជាប់​ជម្រើស​ជាតិ U19 កាល​ពី​ពេល​ថ្មីៗ នេះ។

Sabay៖ ក្រោយ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​​ជួរ​មុខ​ ដែល​មាន​ប្រជាប្រិយ​ភាព​ក្នុង​ស្រុក​ ខាង​លើ តើ​លោក​គិត​ថា​​ស្វាយរៀង​​នៅ​តែ​ខ្លាំង​ដូច​កាល​ពី​មុន​ឬ​យ៉ាង​ណា?

សំ វ៉ាន់ដេត៖ តាំង​ពី​ដើម​រៀង​មក សម្រាប់​ស្វាយរៀង ​បាត់បង់​កីឡាករ​ម្នាក់ ពីរ​នាក់​ មិន​សំខាន់​នោះ​ទេ កុំ​តែ​បាត់បង់​គ្រូ​បង្វឹក ព្រោះ​កីឡាករ​យើង​អាច​បណ្ដុះ​បាន​ទៀត ទាស់​តែ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​បន្តិច​តែ​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​ស្វែង​រក​កីឡាករ​បរទេស​ល្អៗ បន្ថែម​នៅ​​កន្លែង​ដែល​ក្រុម​ខ្វះ​ខាត។

Sabay៖ ជា​ចុង​ក្រោយ​តើ​លោក​គ្រូ​មាន​អ្វី​ចង់​បន្ថែម​ទេ?

សំ វ៉ាន់ដេត៖ ខ្ញុំ​​នឹង​ខិតខំ​ដឹកនាំ​ក្រុម ទោះបីជា​មិន​បាន​ខ្លាំង តែ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​​រដូវកាល​ថ្មី​ខាង​មុខ មិន​ថា​ពាន​រង្វាន់​សម្ដេច ឬ លីក​នោះ​ទេ។

ជីវប្រវត្តិ​របស់​​កីឡាករ ឃួន ឡាបូរ៉ាវី សូម​ចុច​ទីនេះ…

អត្ថបទ៖ ម៉ឺន រស្មី